ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung និង Apple បានយល់ព្រមលើ កិច្ចព្រមព្រៀងជម្លោះប៉ាតង់ អន្តរជាតិរបស់ពួកគេ ដោយបានដកហូតនូវ ពាក្យបណ្ដឹងទាំងឡាយ ដែលមាននៅតាមបណ្ដា ប្រទេសផ្សេងៗក្រៅ ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកនាំពាក្យរបស់ Samsung បានឲ្យដឹងនៅថ្ងៃពុធ។
សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនទាំងពីរបានយល់ព្រម បញ្ចប់ជម្លោះប៉ាតង់ អន្តរជាតិរបស់ខ្លួន នៅតាមប្រទេសផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាព តានតឹងផ្នែកទំនាក់ទំនង ប៉ុន្តែសម្រាប់ទីផ្សារអាមេរិក គឺនៅរក្សាដដែល។
ជាងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ជម្លោះប៉ាតង់របស់ Samsung និង Apple ត្រូវបានកត់ទុកនៅក្នុងប្រវត្តិសាស្ត្រ ជាជម្លោះមួយដែលមាន រយៈពេលវែងជាងគេ ហើយមានច្រើនប្រទេស។
កាលពីខែឧសភាកន្លងទៅនេះ តុលាការសហរដ្ឋអាមេរិក បានកាត់ក្ដីឲ្យ Samsung សង់ជំងឺចិត្ត Apple ចំនួន ១១៩,៦លានដុល្លារអាមេរិក ក្រោយពេលរកឃើញថា Samsung រំលោភលើប៉ាតង់ Apple ចំនួន ៣៕