ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០១៤កន្លងទៅ នៅទីលានស្តាតចាស់ ម្ចាស់ជើងឯកលេខ១ ពីរសម័យកាលជាប់គ្នា ក្រុមខ្លាំងស្ថាបនា លីមីតធីត បានបំបាក់ក្រុមប្រាសាក់ ដែលជាក្រុមម្ចាស់ជើងឯក រងពីរសម័យកាលជាប់គ្នា ៤-០ ក្នុងយុទ្ធនាការដណ្តើម ពានរង្វាន់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៤នេះ ។
ការចាប់ផ្តើមលេងក្នុងវគ្គទី១ ក្រោមការហ៊ោកញ្ជៀវ របស់អ្នកគាំទ្រក្រុមសងខាង កីឡាករទាំងពីរ ក្រុមបានបើកការវាយ សម្រុកដាក់គ្នា ទៅវិញទៅមកយ៉ាង ស្វិតស្វាញ ដែលបង្កើតបានជាផ្ទាំង ទស្សនីភាពដ៏ជក់ចិត្ត ធ្វើឲ្យអ្នកទស្សនា ភ្លេចអស់កំដៅព្រះអាទិត្យ ។
នៅនាទីទី១៨ ខ្សែប្រយុទ្ធប្រាសាក់ មានឱកាសរក គ្រាប់បាល់បានមុន ប៉ុន្តែត្រូវអ្នកចាំទីដៃស្អិតស្ថាបនា ជួយសង្រ្គោះ បាន ។ រំលងបានតែ បន្តិចប៉ុណ្ណោះ ខ្សែប្រយុទ្ធប្រាសាក់មានឱកាសស៊ុត ជាលើកទី២ ប៉ុន្តែបានត្រឹមតែបាញ់ចាបប៉ុណ្ណោះ ដោយបាល់បានហើរ រំលងសំណាញ់ទី ។ សំលេងអ្នកគាំទ្រ ក្រុមស្ថាបនា បានបន្លឺឡើងយ៉ាងកងរំពង ក្រោយពីក្រុមខ្សែប្រយុទ្ធស្ថាបនាវាយបកសងវិញភ្លាមៗ និងបានស៊ុតបាល់បន្តក់ បានសម្រេចនៅ នាទីទី៣០ ដោយកីឡាករលេខ២១ ឈ្មោះ ហង្ស សុភ័ក្រ្តា ធ្វើឲ្យក្រុមប្រាសាក់ ស្រឡាំងកាំងយ៉ាងខ្លាំង ដោយមិននឹកស្មាន ថាបាល់អាចធ្លាក់ចូលទី បានយ៉ាងស្រួលបែបនេះឡើយ។ លទ្ធផលនេះបានរក្សា រហូតដល់ចប់តង់ទី ដោយក្រុមស្ថាបនា នាំមុខក្រុមប្រាសាក់ ក្នុងលទ្ធផលបច្ចេកទេស ១-០ បណ្តោះអាសន្ន ។
ចូលមកដល់តង់ទី២ ការប្រកួតរឹតតែមានភាពតានតឹង ដោយក្រុមប្រាសាក់ព្យាយាមដាក់សម្ពាធមកលើស្ថាបនា និងប្តូអ្នកចាំទីរបស់ខ្លួន ក្នុងគោលបំណង រកគ្រាប់បាល់តាមស្មើ។ ប៉ុន្តែក្រុមម្ចាស់ជើងឯកពីរ សម័យកាល ដែលគេបានឲ្យរហ័សនាម ថាក្រុមរនាំងដែកស្ថាបនានោះ មិនអនុញ្ញាតិឲ្យ ខ្សែប្រយុទ្ធប្រាសាក់ បំបែកសំណាញ់ ការពារបានតាមចិត្តឡើយ។ ដោយមើលឃើញសភាព បែបនេះ ក្រុមប្រាសាក់ បានផ្លាស់ខ្សែប្រយុទ្ធពីររូប ចូលបន្ថែមដើម្បីវាយទម្លុះរ នាំងការពារ ក្រុមស្ថាបនាឲ្យខានតែបាន ។
ការប្តូខ្សែប្រយុទ្ធបន្ថែមមិនបានធ្វើឲ្យក្រុមប្រាសាក់ទទួលលទ្ធផល តាមបំណងឡើយ ហើយបែរជាផ្តល់ ឱកាសឲ្យក្រុមស្ថាបនា រកគ្រាប់បាល់ បន្ថែមរហូតដល់៣គ្រាប់ទៀត ដោយកីឡាករលេខ២៣ នឹម រ៉ាឌី នៅនាទីទី៦៥ កីឡាករលេខ១១ ឡុង ណាស៊ី នៅនាទីទី៦៨ និងកីឡាករលេខ១០ ហឿង សុខហេង នៅនាទីទី៩០ ។ កញ្ចែតង់ទី២បានបន្លឺឡើង ចប់ការប្រកួតក្រុម ខ្លាំងស្ថាបនា លីមីតធីត ឈ្នះក្រុមប្រាសាក់ ក្នុងលទ្ធផល ៤-០ ដាច់ ។
គួរបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា បានទទួលលទ្ធផលល្អ មិនត្រឹមតែក្នុងការប្រកួតកីឡាបាល់ទាត់នោះទេ គ្រឹះស្ថានបានទទួល ប្រជាប្រិយភាព និងការគាំទ្ររយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ទូទៅផងដែរ។ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៤នេះ អតិថិជនបញ្ញើ-សន្សំ បានកើនឡើងដល់ ៦៤៩៥៩នាក់ និងមានទឹកប្រាក់សន្សំ សរុបជាង១១៥លានដុល្លារ សហរដ្ឋអាម៉េរិក ដោយឡែក អតិថិជនកម្ចីឥណទាន បានកើនឡើងសរុបចំនួន ៨៩,១៦៨នាក់ និងមានទឹកប្រាក់សរុប ជាង២២០លានដុល្លារ សហរដ្ឋអាម៉េរិក ។ បច្ចុប្បន្ននេះស្ថាបនា លីមីតធីត បានធ្វើប្រតិបត្ដិការ នៅក្នុង២៥រាជធានី ខេត្ដ ដែលមានការិយាល័យ ផ្ដល់សេវាកម្មសរុបចំនួន ១២៦ការិយាល័យក្នុងនោះ មានសាខាចំនួន៨៣ និងប៉ុសិ៍្ដសេវាចំនួន៤៣ ៕