ក្រុងម៉ាឌ្រីដ៖ ខ្សែបម្រើប្រយុទ្ធដ៏លឿន Angel di Maria អាចនឹងទៅលេងឲ្យក្លឹប Paris-Saint Germain រយៈពេលមួយ រដូវកាល នៅក្រោយពេលដែល ក្លឹបបារាំងមួយនេះ ជិតឈានដល់កិច្ចព្រមព្រៀង ជាផ្លូវការជាមួយនឹងក្លឹប Real Madrid ហើយនោះ ។
ការចរចាជិតបានសម្រេចបែបនេះ តាមរយៈគេហទំព័រកីឡា Talksport បានប្រាប់ឲ្យដឹងនេះមានន័យថា ក្លឹប Man Utd បន្តខកចិត្ត ជាលើកទី៣ទៀត ហើយ ក្រោយពីបរាជ័យតាមទិញកីឡាករ Toni Kroos, James Rodriguez និង Di Maria នេះដោយស្ថិតក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មី Louis van Gaal ។
ទ្រនំថ្មីរបស់ខ្សែបម្រើឆ្នើមជនជាតិអាហ្សង់ទីន វ័យ២៧ឆ្នាំ Angel di Maria នឹងលេចចេញជាផ្លូវការនៅមុនរដូវកាលថ្មីឆ្នាំ ២០១៤-២០១៥ ចាប់ផ្តើមនៅពាក់កណ្តាល ខែក្រោយនេះ ក្រោយពីបានស្ថិតនៅក្នុងបញ្ជី លក់របស់គ្រូបង្វឹកជនជាតិ អ៊ីតាលី Carlo Ancelotti បន្ទាប់ពីរកអ្នកជំនួស កន្លែងបានហើយនោះ មានកីឡាករវ័យក្មេង២នាក់ គឺខ្សែបម្រើជនជាតិ អាល្លឺម៉ង់ Toni Kroos និងខ្សែបម្រើប្រយុទ្ធដ៏មុតស្រួច James Rodriguez ជាដើម ។
យ៉ាងណាក៏ដោយ ការទៅលេងឲ្យក្លឹបជើងឯកបារាំង PSG ក្លឹបទាំងពីរមិនបានបញ្ចេញពីតម្លៃខ្លួនរបស់ Maria ឡើយ តែត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្លួនរហូតដល់ទៅ ៦៧,៥លានដុល្លារអាម៉េរិកឯណោះ លើកិច្ចសន្យាលើសពី១ឆ្នាំ ប្រសិនបើក្លឹបទាំងពីរពិតជាស្រុះស្រួលគ្នាមែននោះ ដោយអាចក្លាយជាកីឡាករទី២របស់ PSG ក្រោយពីទិញបានខ្សែ ការពារជនជាតិប្រេស៊ីល David Luiz មកពីក្លឹប Chelsea តាំងពីខែឧសភា ឆ្នាំ២០១៤មកម្ល៉េះ ៕
ខ្សែបម្រើ Angel di Maria
ខ្សែការពារ David Luiz