ភ្នំពេញៈ គិតត្រឹមថ្ងៃទី១៨ កក្កដានេះ មានកីឡាករ-កីឡាការិនីចម្រុះ ជាតិសាសន៍ចំនួន ៣៨ប្រទេស ហើយដែលបាន ដាក់ពាក្យចុះឈ្មោះ ចូលរួមប្រកួតក្នុង “ទិវារត់ប្រណាំងម៉ារ៉ាតុង អន្ដរជាតិ ចក្រភពអង្គរ” លើកទី១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា មកដល់ពេលនេះ ទិវារត់ប្រណាំង Full Marathon ឬ ម៉ារ៉ាតុង ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ដរបស់កម្ពុជា បានទទួលពាក្យអ្នកចុះឈ្មោះ ចូលរួមចំនួនជាង ២.០០០នាក់ហើយ ក្នុងនោះមានជនបរទេសចំនួន ១០៥០នាក់ ដែលមកពី ៣៨ ប្រទេសផ្សេងគ្នា និងមាន១.០០០នាក់ ជាជនជាតិខ្មែរយើង ប៉ុន្ដែក្នុងចំណោមកីឡាករ -កីឡាការិនី ទាំងអស់ជាង ២.០០០នាក់នោះ មានកីឡាករ បរទេសជិត ១.០០០នាក់ប៉ុណ្ណោះ រត់ម៉ារ៉ាតុង ។
អគ្គលេខាធិការ NOCC ខាងលើ បានបន្ដឲ្យដឹងថាទៀតថា ព្រឹត្តិការណ៍អន្ដរជាតិនេះ ធ្វើឡើងក្រោមកិច្ច សហប្រតិបត្តិការគ្នា រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងបានទទួល ស.ជ.ណ ពីរាជរដ្ឋាភិបាល ក្នុងការរៀបចំលើកទី១ នៃការប្រកួតកីឡា Full Marathon នេះ ហើយក៏មានការចូលរួម ឧបត្ថម្ភធំ ក្រុមហ៊ុនស្រាបៀអង្គរផងដែរ ។
លោកបានបញ្ជាក់ថា “ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈជំនាញនេះ គឺជាគំនិតផ្ដួចផ្ដើម របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក្នុងការរៀបចំកម្មវិធី ឲ្យស្ថិតនៅក្នុងរដូវភ្ញៀង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាប្រាសាទអង្គរ ក្នុងរដូវភ្លៀង ហើយក៏ជួយដល់ សេវាទេសចរណ៍នៅក្នុង ខេត្តសៀមរាបទៀតផង” ។
ម្យ៉ាងវិញទៀត ដើម្បីធ្វើឲ្យស្របទៅតាមស្ដង់ដាអន្ដរជាតិ ដោយមានការសំណូមពរ ពីកីឡាករ-កីឡាការិនី បរទេស ដែលធ្លាប់មករត់ពាក់ កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាប នាពេលកន្លង មកទើបគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បង្កើតឲ្យមានព្រឹត្តិការណ៍ Full Marathon នេះ ហើយក៏មាន ការទទួលស្គាល់ពី គណៈកម្មការ រត់ប្រណាំងអន្ដរជាតិផងដែរ ។
លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា “នេះគឺជាជោគជ័យមួយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងម៉ារ៉ា តុង លើកដំបូងដែលទទួល បានចូលរួមច្រើនលើស ពីការរំពឹងទុក ហើយយើងសង្ឃឹមថា ទម្រាំដល់ថ្ងៃ ចាប់ផ្ដើមកម្មវិធី នឹងមានកីឡាករ-កីឡាការិនី ចូលរួមច្រើនជាងនេះទៀត ពោលគឺអាចកើនឡើងដល់ជិត ៣.០០០នាក់ឯណោះ” ។ ចំពោះវិញ្ញាសាប្រកួតក្នុង “ទិវារត់ប្រណាំងម៉ារ៉ាតុង អន្ដរជាតិ ចក្រភពអង្គរ” លើកទី១នេះ គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ និង១៩៥ម៉ែត្រ (Full Marathon), ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ រត់លក្ខណៈគ្រួសារ ហើយកម្មវិធីចាប់ផ្ដើម នៅវេលាម៉ោង ៤:៣០នាទីជិតភ្លឺតែម្ដង ៕