ក្រុងឡុងដ៍៖ យុទ្ធនាការបាល់ទាត់ លីកអាជីពដ៏ល្បីរបស់ពិភពលោក Barclays-English Premier League នឹងចាប់ផ្តើមរដូវកាល ឡើងវិញនារាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ ដោយមាន២០ក្រុមចូលរួម ប្រកួតដូច រាល់ឆ្នាំជាលក្ខណៈវិលជុំ សន្សំពិន្ទុ២ជើងក្នុង១ក្រុម ។
ក្រុមមេឃខៀវ Manchester City ជាម្ចាស់ជើងឯករដូវកាលមុន ដោយត្រូវឡើង ការពារតំណែងជើងឯក របស់ខ្លួនជាបន្ត ក្រោមការដឹកនាំពីសំណាក់ គ្រូបង្វឹកជនជាតិឈីលីលោក Manuel Pellegrini ស្របពេលដែល Liverpool ជាក្រុមរង ជើងឯក និងតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការទទួលបានកៅអីម្នាក់១ នៅក្នុងក្របខណ្ឌធំ UEFA Champions League ដោយស្វ័យប្រវត្តិផងដែរ ។
ក្រៅពីនេះក្រុមកាំភ្លើងធំ Arsenal ដែលបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៤ ត្រូវលេងក្នុងវគ្គជម្រុះជុំទី៣ ក្នុងនាមជាក្រុម ខ្លាំងជាមួយនឹងក្រុមជាប់លេខ៤ ដូចគ្នាមកពីលីកអេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអ៊ីតាលីជាដើម តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺពុំមានវត្តមាន ក្រុមខ្លាំងបិសាចក្រហម Manchester United ឡើយ ដោយសារក្រុមជើងឯក Premier League ១៣សម័យកាលនេះបញ្ចប់ ទៅដោយត្រឹមចំណាត់ថ្នាក់លេខ៧ ក្រោមការដឹកនាំដ៏ យ៉ាប់យឺនរបស់លោក David Moyes បូករួមទាំងកៅអីក្នុងក្របខណ្ឌទី២ UEFA Europa League ក៏គ្មានដែរ ។
៣ក្រុមដែលត្រូវបាន កាត់ចេញពីលីកកំពូលរួមមាន Reading, Fulham និង Cardiff City ក្រោយឈរនៅបាតតារាងត្រឹមលេខទី១៨ទៅ ត្រូវបានជំនួសដោយ ៣ក្រុមថ្មីឡើងវិញរួមមាន Burnley, Leicester City និង Queens Park Rangers (QPR) ដែលទើបតែឈ្នះកៅអីចេញ ពីក្របខណ្ឌទី២របស់អង់គ្លេស English Championships ។ Man Utd ជាក្រុម ដែលត្រូវបើក ឆាកប្រកួតមុនគេទទួល ស្វាគមន៍ក្រុមភ្ញៀវហ្វូងក្ងាន Swansea City នាម៉ោង ១៨ និង ៤៥នាទីយប់ (ម៉ោងនៅកម្ពុជា) នៅក្រោយពេលម្ចាស់ជើងឯកពាន FC Cup ក្រុម Arsenal ប៉ះជាមួយ Man City ដើម្បីប្រជែងយក ពានបើករដូវកាល FA Community Shield នៅដើមខែសីហា ឆ្នាំ២០១៤ ៕