ភ្នំពេញៈ ថ្លែងក្នុងពិធីប្រគល់រង្វាន់ រាជរដ្ឋាភិបាលជូនដល់ ក្រុមអត្តពលិក និងគ្រូបង្វឹក ដែលដណ្ដើមបាន ជ័យលាភីពី ព្រឹត្តិការណ៍ Asean Para Games លើកទី៧ កាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញនេះ លោកបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី ដែលអាចជួយឲ្យ កម្ពុជាទទួលបានមេដាយ ច្រើនក្នុងព្រឹត្តិការណ៍កីឡា លើឆាកអន្ដរ ជាតិ គឺត្រូវជ្រើសរើស ដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ទើបទទួលបានកីឡាករល្អ និងមានសមត្ថភាព ពិតប្រាកដអាច ប្រកួតប្រជែងបាន ។
ស្របពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យកីឡា លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន ក៏បានចូលរួមជំរុញ និងផ្ដល់អនុសាសន៍សំខាន់ៗ មួយចំនួនទៀត ដើម្បីធ្វើឲ្យវិស័យកីឡា ក្នុង ប្រទេសកម្ពុជា មានការរីក ចម្រើន និងមានសក្ដានុពល លើឆាកជាតិ-អន្ដរជាតិ កាន់តែខ្លាំងឡើងៗ ។ អ្វីដែលពិសេសនោះ លោកឧបនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ផ្ដោត សំខាន់ទៅលើការ ជ្រើសរើស កីឡាករ-កីឡាការិនី ឲ្យចំមុខសញ្ញា ពោលគឺជ្រើសរើសយកអ្នក មានសមត្ថភាពពិតប្រាកដ ចៀសវាងការ ជ្រើសរើសដោយការ និយមបក្សពួក ឬអំពើពុករលួយជាដើម ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា “យើងអាចទទួល បានលទ្ធផលល្អ ពីការប្រកួតកីឡាជាតិ ឬកីឡាអន្ដរ ជាតិ ដោយសារយើងជ្រើសរើស ចំមនុស្សខ្លាំង ។ អ្វីៗមិនមែនបានដោយចៃដន្យ មិនមែន មេដាយធ្លាក់ពី លើមេឃមក នោះទេ គឺទាល់តែការរៀបចំធ្វើដោយម៉តចត់ ហើយជ្រើសរើស មុខសញ្ញា បានល្អ រៀបចំការប្រកួតបាន ល្អទើបធ្វើឲ្យកីឡាករមានឱកាសខិតខំប្រឹងប្រែងប្រកួតបានច្រើន ។ ជាពិសេស គឺការជ្រើសរើស ចូលជាជម្រើសជាតិ សុទ្ធតែជាកត្តាសំខាន់បំផុត ដែលក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់” ។
លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដឲ្យដឹងថា ក្រសួងអបរំ គឺជាអ្នកសម្រេច និងសម្លឹងរកកីឡាករ-កីឡាការិនី ដែលមាន សមត្ថភាព អាចប្រកួតប្រជែងលើឆាកអន្ដរជាតិ ដើម្បីដណ្ដើមកិត្តិយស ឲ្យប្រទេសជាតិមាតុភូមិ យើង ដូច្នេះក្រសួង ត្រូវធ្វើយ៉ាងណា ជ្រើសរើសមនុស្សណាដែលខ្លាំង ដែលអាចយកឈ្នះ គូប្រកួតបាន ចៀសវាងការបញ្ជូន មនុស្សទៅ សម្រាប់តែចាញ់ ។ ក្នុងនោះដែលគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ត្រូវចូលរួម ពិនិត្យផងដែរ រាល់សកម្មភាពនៃ ការជ្រើសរើសកីឡាករ ដែលជាកត្ដាសំខាន់ណាស់ ធ្វើឲ្យ ប្រទេសកម្ពុជាយើង មានការទទួលស្គាល់ លើឆាកអន្ដរជាតិ ក៏ដូចជាបង្កើតទំនាក់ទំនង កាន់តែល្អប្រសើរ ជាមួយប្រទេស លើពិភពលោក តាមរយៈសកម្មភាព លេងកីឡានេះ ៕