ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៤ មានការកើនឡើង១ភាគរយ ដែល ចំនួននេះមានការកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៣។ នេះបើយោងទៅលើរបាយការណ៍ប្រចាំខែរបស់ក្រុមការងារផ្នែកស្រូវ អង្ករ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លេខាធិការរដ្ឋានច្រកចេញ ចូល តែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។
របាយការណ៍ដដែលបន្តថា នៅរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៤នេះ ការនាំចេញអង្កររបស់កម្ពុជា សម្តេចបានចំនួន ១៤៨.២៦២តោន កើនឡើងត្រឹម១ភាគរយ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១៤៦៨៥៤ តោនប៉ុណ្ណោះ។
លោក គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ្វូដបានឲ្យ ដឹងនៅថ្ងៃអង្គារ៍នេះថា អង្ករចំនួន១ភាគរយ ស្មើនិងអង្ករចំនួន១ពាន់តោន ដែលបាននាំចេញ។ ថ្លែងប្រាប់ LookingTODAY នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៤នេះ លោក គឹម សាវុធ បន្តថា មូលហេតុ ដែលធ្វើឲ្យការនាំចេញធ្លាក់ចុះ ដោយសារតែប្រទេសថៃ ទម្លាក់តម្លៃទីផ្សារអង្ករដែលមិនធ្លាប់មាន។
លោកថា " ក្រៅពីថៃទម្លាក់តម្លៃទីផ្សារអង្ករហើយនោះ យើងឃើញថាផលិតផលទីផ្សារអន្តរជាតិសំបូរ ដូច្នេះហើយការនាំចេញអង្ករ របស់យើងមានការធ្លាក់ចុះ ព្រោះថៃគាត់ទម្លាក់តម្លៃទីផ្សារអង្ករ ដោយសារគាត់សល់ស្រូវអង្ករច្រើន ហើយគាត់ចេះតែលក់ឡៃឡុង ក្នុងតំលៃថោកពី២០ទៅ៣០ដុល្លារក្នុងមួយតោន"។ បើតាម លោក គឹម សាវុធ ទោះបីជាការនាំចេញមានចំនួនតិចតួចក៏ដោយនោះតែវាជាមុខ មាត់មួយរបស់កម្ពុជាខណៈដែលប្រទេសជិតខាងទម្លាក់តម្លៃអង្ករ។
សូមបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករច្រើនជាងគេ ទៅកាន់ប្រទេសមួយចំនួនដូចជា បារាំង ប៉ូឡូញ ម៉ាឡេស៊ី អ៊ីតាលី ចិន ជាដើម៕