ក្រុងបាសេឡូណាៈ កីឡាករខ្សែប្រយុទ្ធលំដាប់លេខ១ ពិភពលោក Lionel Messi បានព្រមព្រៀងបន្តរួមរស់ ជាមួយនឹង ក្លឹបអ្នកមានបុណ្យ FC Barcelona របស់អេស្ប៉ាញមួយនេះ រយៈពេល៥ឆ្នាំ ទៅមុខទៀតពោលគឺរហូតដល់ខែមិថុនា ឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចសន្យាចាស់របស់គាត់ នឹងអស់សុពលភាពនាបំណាច់រដូវកាលនេះ ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ម្ចាស់ពានកីឡាករលេងល្អបំផុត Ballon d’Or ៤សម័យកាល វ័យ២៦ ឆ្នាំ Messi នឹងទទួលបានតម្លៃពលកម្ម ១៦,៣លានផោនក្នុងមួយរដូវកាល បូកទាំងប្រាក់បន្ថែមផងដែរ ដើម្បីជាការ លើកទឹកចិត្ត និងរក្សាកៅអីនៅកីឡដ្ឋាន Camp Nou ដដែលចំពោះតារាបាល់ទាត់ ឆ្នើមជនជាតិអាហ្សង់ទីនដែលស៊ុត បញ្ចូលទីបានចំនួន៤១គ្រាប់ ពីការចូលលេងបាន៤៣ប្រកួត ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤នេះ ។
ជាមួយគ្នានោះដែរក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ បានបង្ហើបឲ្យដឹងថា ក្លឹបនឹងត្រៀមចុះកិច្ចសន្យាជាមួយនឹង Messi នៅរយៈពេល២ទៅ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រោយពីចចារត្រូវរូវគ្នាហើយនោះ ស្របពេលដែល Messi ចង់បន្តជាកីឡាករ បាល់ទាត់អាជីពដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក និងធ្លាប់បញ្ជាក់ប្រាប់ពីអនាគត របស់គាត់នឹងបញ្ចប់ នៅក្នុងក្លឹប Barcelona នេះ បើទោះបីជាក្លឹបលេខ១មកពីបារាំង Paris-Saint Germainតាមចែចូវទិញរូបគាត់ក៏ដោយ សម្រាប់រដូវកាលដោះដូរកីឡាករនាខែកក្កដាខាងមុងនេះ ។
នាម៉ោង ២៣ និង ០០នាទី (ម៉ោងនៅកម្ពុជា) Messi ដឹកនាំក្រុម Barcelona ប្រកួតស្លាប់រស់ជាមួយនឹងក្រុមដែលកំពុង តែឡើងជើងខ្លាំង Atletico Madridរបស់លោក Diego Simeone ដើម្បីប្រជែងយកពាន La Liga BBVA ដែលត្រូវ ការឈ្នះដាច់ខាត ខណៈដែលគូប្រជែងដ៏ក្តៅគគុក បា្រថ្នាត្រឹមស្មើ បើឈ្នះរឹតតែល្អនៅទឹកដី Camp Nou របស់ Barcelona ខណៈដែលក្រុមរងជើងឯកឆ្នាំទៅ Real Madrid បើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម ភ្ញៀវEspanyol នៅម៉ោង ២១ និង ០០នាទីប្រចាំសប្តាហ៍ទី៣៨ជាកិច្ចបញ្ចប់រដូវកាលដូចគ្នា ៕