ក្រុងមែនឆេស្ទើៈ តារាបាល់ទាត់ឆ្នើម Phil Jones របស់ក្លឹប Manchester United អាចនឹង អវត្តមាន World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល នៅក្នុងក្រុមជម្រើសជាតិ តោក្រដាសអង់គ្លេស ប្រសិនបើរបួសស្មា របស់គាត់ជាមិនទាន់ ពេលវេលា ទេនោះ ខណៈដែល ខ្សែប្រយុទ្ធជើងខ្លាំង Theo Walcott របស់កាំភ្លើងធំ Arsenal មិនអាចចូលលេង ហើយនោះ ដោយសាររបួសធ្ងន់ធ្ងរ ។
លទ្ធផលសម្រេច ចុងក្រោយរបស់ Jones ថាបានលេង ឬក៏មិនបានលេងក្នុង World Cup លើកទី២០ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១២ មិថុនា តទៅនៅប្រទេសប្រេស៊ីល នោះនៅពេលដែលឈ្មោះ ចំនួន ២៣នាក់ ចុងក្រោយនឹងត្រូវ បានគ្រូបង្វឹក ក្រុមអង់គ្លេស លោក Roy Hodgson សម្រេចចុងក្រោយនៅព្រឹកថ្ងៃ ចន្ទខានស្អែកនេះ ។
ឆ្លើយតបទៅនឹងបញ្ហា របួសនេះដែរគ្រូបង្វឹក បណ្តោះអាសន្ន លោក Ryan Giggs បានចេញមុខ ការពារ Phil Jones ថា Jones អាចនឹងជាសះស្បើយ ទាន់ពេលវេលា ខណៈដែលរបួស នេះវាមិនមានបញ្ហា ធ្ងន់ធ្ងរនោះទេ ដោយលោកមិនដាក់ខ្សែការពារ វ័យ២៤ឆ្នាំរូបនេះ ចូលលេងទេ នៅជំនួប ចុងក្រោយ របស់ Man Utd ម៉ោង ២១ និង ០០ នាទីស្អែកនេះប៉ះនឹង ក្រុមម្ចាស់ផ្ទះ Southampton ដោយទុកពេលឲ្យគាត់ ជាសះស្បើយ ១០០ភាគរយ ទៅចុះដើម្បីលេងក្នុង World Cup ។
សូមរំឮកថា ខ្សែការពារស្លាបស្តាំ Phil Jones បានរងរបួសស្មានាអំឡុង Man Utd បានប្រកួតឈ្នះ ក្រុមភ្ញៀវ Hull City ៣-១ កាលពីរាត្រីថ្ងៃ អាទិត្យសប្តាហ៍មុនក្នុង Premier League ដោយបានប៉ះទង្គិចគ្នា ជាមួយនឹង កីឡាករ Maynor Figueroa របស់ក្រុម Hull City និងបានប្តូរចេញពីទីលាន នៅក្រោយពេលសល់ ១៦នាទី នឹងដល់ពេលបញ្ចប់ នៃការប្រកួតនោះ តែប្រសិនបើរបួស របស់គាត់ជាមិនទាន់ ពេលវេលាទេនោះ លោក Roy Hodgson និងដាក់ខ្សែការពារស្លាបស្តាំ ដូចគ្នា Kyle Walker ចូលលេងជំនួសវិញ ។
ជាមួយគ្នានោះដែរ សម្រាប់ខ្សែប្រយុទ្ធជើងខ្លាំង Wayne Rooney នៅតែជាកង្វល់ របស់គ្រូបង្វឹក Hodgson ដដែល ពីបញ្ហាហើមគ្រលៀនរបស់គាត់ ដែល Rooney បានអវត្តមាន ២ប្រកួតរួចមកហើយ ក្នុងក្លឹប Man Utd ដោយអាចចូល លេងវិញបានស្អែកនេះ ចំពោះមួយប្រកួតចុងក្រោយ នារាត្រីថ្ងៃអាទិត្យនេះ ដោយនឹងចាប់ដៃគូ ជាថ្មីជាមួយនឹង Robin van Persie ក្នុងខណៈដែល Persie ទើបតែសះស្បើយ ពីរបួសជង្គង់ដែរនោះ ។ តោក្រដាសអង់គ្លេស ជាក្រុមដែលគួរឲ្យព្រួយ បារម្ភជាងគេដោយ ស្ថិតនៅក្នុងពូល B សុទ្ធតែក្រុមខ្លាំងមាន អ៊ីតាលី អ៊ុយរូហ្គាយ និងកូស្តារីកា ។ ដោយមួយប្រកួតដំបូង របស់អង់គ្លេសត្រូវជួបជាមួយនឹង ក្រុមជម្រើសជាតិអាសូរីអ៊ីតាលី នៅព្រឹកម៉ោង ០៥ និង ០០នាទីថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៤ ៕