ក្រុងឡុងដ៍ៈ បើទោះបីជាប្រិយមិត្ត លែងបានឃើញ តារាបាល់ទាត់ជំនាញ បញ្ជូនបាល់ និងទាត់បាល់ហ្វ្រីឃីក David Beckham ទៅហើយ ក្តីក្រោយពី ការសម្រេចចិត្ត ចូលនិវត្តន៍កាលពី ឆ្នាំ ២០១៣ ក្តី តែគេហទំព័រកម្សាន្ត Looking TODAY សូមរំលឹកនាំ យករូបភាព កាលនៅ កុមារភាព និងជីវៈប្រវត្តិខ្លះៗ ចំពោះកីឡាករ ខ្សែបម្រើប្រយុទ្ធ ជនជាតិអង់ គ្លេសរូបនេះមាន ដូចខាងក្រោម ។
David Beckham វ័យ៣៨ឆ្នាំ មានឈ្មោះពេញថា David Robert Joseph Beckham បានចាប់កំណើត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៧៥ ក្នុងទីក្រុងឡុងដ៍ កម្ពស់ ១,៨៣ម៉ែត្រ ដោយបានចាប់ផ្តើម ចូលលេងបាល់ទាត់ ដំបូងនាអំឡុងឆ្នាំ ១៩៩១ ជាសមាជិកយុវជន របស់ក្លឹប ក្នុងស្រុកមាន Tottenham Hotspur, Brimsdown Rovers និង Manchester United បន្ទាប់ពីឈានជើង ចូលក្នុងឈុតធំ របស់ Man Utd នាអំឡុង ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០០៣ ដែលស៊ុតបញ្ចូល បានចំនួន ៦២ គ្រាប់ពីការបង្ហាញខ្លួន បាន២៦៥ប្រកួត មុនផ្លាស់ទៅលេង ក្នុងក្លឹប Real Madrid (អេស្ប៉ាញ), Los Angeles Galaxy របស់អាម៉េរិក ។
ក្នុងជីវិតជាកីឡាករ បាល់ទាត់អាជីព ដ៏ជោគជ័យមួយរូប Beckham ក៏បានលេងឲ្យក្លឹប Preston North របស់អង់គ្លេស ផងដែរជាលក្ខណៈខ្ចី ជើងនាអំឡុង ឆ្នាំ ១៩៩៤-១៩៩៥ ធ្វើឡើង ដោយក្រុម Man Utd និង ក្នុងអំឡុងឆ្នាំ ២០០៩-២០១០ Beckham ក៏បានលេង ឲ្យក្លឹប AC Milan របស់អ៊ីតាលី ជាលក្ខណៈខ្ចីជើងដូចគ្នា មុនពេលចាកចេញ ពីទឹកដី អាម៉េរិកពីក្លឹប Los Angeles Galaxy ទៅបញ្ចប់អាជីព នៅក្នុងក្លឹបលំដាប់ លេខ១ របស់បារាំង Paris-Saint Germain ដោយបានជួយឲ្យ ក្លឹបមួយនេះ ឈ្នះពាន Ligue 1 ផងដែរក្រោមការដឹកនាំ ពីសំណាក់គ្រូបង្វឹក Carlo Ancelotti ។
ការបំពេញតួនាទី នៅក្នុងក្លឹបបានយ៉ាងល្អ ធ្វើឲ្យគ្រូបង្វឹកជម្រើសជាតិ អង់គ្លេសមើលឃើញ និងបានចូលលេងក្នុងក្រុម ជម្រើសជាតិចាប់តាំងពី ឆ្នាំ១៩៩៦ដល់ ឆ្នាំ២០០៩ តែ Beckham ចាប់ផ្តើមល្បីខ្លាំងទូទាំង សកលនាអំឡុង World Cup ឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង បើទោះបីជា មិនបានជួយឲ្យ អង់គ្លេសឈ្នះ World Cup ក៏ដោយជាមួយ នឹងការ ស៊ុតបញ្ចូលទី បាន១៧គ្រាប់ ពីការបង្ហាញខ្លួន បាន១១៥ប្រកួត សម្រាប់ក្រុម ជម្រើសជាតិ តោក្រដាសអង់គ្លេស ។ បច្ចុប្បន្នអតីតស្តេច បាល់ទាត់ឆ្នើម David Beckham មានភរិយាជាតារាម៉ូដែល លំដាប់ពិភពលោក និងជាអ្នកច្នៃម៉ូត សំលៀកបំបាក់ ផងដែរនោះនាង Victoria និងមានកូន ៤នាក់ ស្រី១ និង ៣ប្រុស៣នាក់ ៕