ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម iPhone ជំនាន់ថ្មីជាមួយនឹងអេក្រង់ធំ នៅក្នុងខែកក្កដា ខាងមុខ។ នេះបើយោងតាមរបាយការណ៍ របស់សារព័ត៌មានជប៉ុន EMSOne។
សារព័ត៌មាន EMSOne ទទួលបានសេចក្ដីរាយការណ៍ពីតៃវ៉ាន់ថា ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមផលិត iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថាជា iPhone 6 នៅក្នុងខែកក្កដា ដោយនៅក្នុងនោះ iPhone ថ្មីត្រូវបានបំពាក់នូវអេក្រង់ទំហំ ៤,៧អ៊ីង ដែលធំជាង iPhone 5S។ ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Apple ចង់ផលិត iPhone អេក្រង់ធំចំនួនពីរម៉ូដែល ប៉ុន្តែក្រុមហ៊ុនបានបរាជ័យ ទៅលើការផលិតអេក្រង់ទំហំ ៥,៥អ៊ីង។
សារព័ត៌មានជប៉ុនខាងលើ បានបញ្ជាក់បន្ថែមទៀតថា iPhone ជំនាន់ថ្មីនេះនឹងត្រូវដាក់ បង្ហាញនៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ប៉ុន្តែប្រហែលជាមានតែ iPhone អេក្រង់ទំហំ ៤,៧អ៊ីងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា បើសិនជាពិតដូចព័ត៌មាន ខាងលើនោះមែន មានន័យថា ក្រុមហ៊ុន Apple បានចេញមុខប្រជែងនឹង Samsung Galaxy S5 និង HTC One យ៉ាងច្បាស់តែម្ដង៕