ភ្នំពេញៈ កីទ្បាករ វ៉ាន់ ចាន់វ៉េត អ្នកប្រដាល់មកពីក្លឹបព្រះខ័នរាជ បានទ្បើងធ្វើជាបាវសាក់ ឲ្យកីទ្បាករ ឯម វិចិត្រ ជើងខ្លាំង មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ វាយលេងយ៉ាងទក់សាច់នៅក្នុង ជំនួបសងសឹកកាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០១៤ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
នេះជាលើកទី៤ហើយដែល វ៉ាន់ ចាន់វ៉េត បរាជ័យក្រោមថ្វីដៃរបស់ ឯម វិចិត្រ ហើយបើរំឮកពីការប្រកួត លើកទី១ដល់ លើកទី៤នេះគឺ ចាន់វ៉េត បានត្រឹមតែឈរធ្វើជាបាវសាក់សម្រាប់តែ វិចិត្រ វាយ និងទាត់លេងប៉ុណ្ណោះហើយបើនិយាយ ពី១០ប្រកួតចុងក្រោយរបស់ ចាន់វ៉េត វិញនោះគឺគេឈ្នះតែ២ប្រកួតប៉ុណ្ណោះ ពោលគឺចាញ់ដល់ទៅ៨ដងឯណោះ ។
ការប្រកួតរបស់អ្នកប្រដាល់ទាំងពីរនេះនៅក្នុងទឹកទី១ដល់ទឹកទី២ ឃើញថា ឯម វិចិត្រ មានប្រៀបជាង វ៉ាន់ ចាន់វ៉េត ទាំងចំហរ និងការវាយកណ្តាប់ដៃចេញ ទាត់ និងកែងជាដើម ។ ប៉ុន្តែនៅពេលចូលក្នុងទឹកទី៣ដល់ទឹកទី៥វិញ វិចិត្រ បានធ្វើឲ្យ ចាន់វ៉េត មានការឈឺចុកចាប់យ៉ាងខ្លាំងបន្ទាប់ពីរូបគេបានទាត់ជើងក្រោមរបស់ ចាន់វ៉េត រហូតចំណែក ចាន់ វ៉េត វិញតាំងពីទឹកទី១ដល់ទឹកទី៥ដែលជាទឹកផ្តាច់ព្រ័ត្រនេះគឺ ចាន់វ៉េត មិនអាចធ្វើឲ្យ វិចិត្រ មានការឈឺចុកចាប់ នោះទេ ពោលគឺគ្រាន់ធ្វើឲ្យ វិចិត្រ មានការរមាស់បន្តិចបន្តួចប៉ុណ្ណោះ ។ ចប់ការប្រកួត៥ទឹកពេញចៅក្រមកាត់សេចក្តី បានសម្រេចឲ្យ ឯម វិចិត្រ ឈ្នះ វ៉ាន់ ចាន់វ៉េត ដោយពិន្ទុដាច់តែម្តង ។
រីឯលទ្ធផលគូប្រកួតលក្ខណៈមិត្តភាពផ្សេងទៀតរួមមានកីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងកីទ្បា បានយកឈ្នះពិន្ទុ កីទ្បាករ ផាន់ សារ៉ែម មកពីក្លឹបគុជសារកីទ្បា រីឯកីទ្បាករ រិទ្ធិ កៅ មកពីក្លឹបមជ្ឈមណ្ឌលកីទ្បា ខ.ភ.ម បានឈ្នះកីទ្បាករ ចៅ រស់ មកពីក្លឹបចាក់អង្រែមានជ័យដោយពិន្ទុ និងកីទ្បាករ ម៉ន ចាន់នី មកពីក្លឹបការិយាល័យទី៥ជើងគោក បានសន្លប់ យ៉ាងងាយនៅក្នុងទឹកទី២ក្រោមថ្វីដៃកីទ្បាករ ឯម ចាន់យ៉ា មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ ៕