ភ្នំពេញៈ កីទ្បាករ ថន វាសនា អ្នកលេងមុខស្ងួត មកពីក្លឹបនាគមានជ័យ បានយកឈ្នះពិន្ទុ កីទ្បាករ ទ្បង់ ភីរម្យ មកពីក្លឹប រាហ៊ូកីទ្បា ខេត្តបាត់ដំបង ទំាងលំបាក និងទ្រមខ្លួនយ៉ាងខ្លាំង កាលពីថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ។
នេះជាលើកដំបូង ហើយដែល ថន វាសនា ប៉ះជាមួយ ទ្បង់ ភីរម្យ គឺជួបក្នុងប្រភេទ ទម្ងន់ ៥៧គីទ្បូក្រាម ហើយការប្រកួត នៅក្នុងទឹកទី១ ដល់ទឹកទី២ គឺកីទ្បាករ ទាំងពីរនេះ មើលទៅប្រហាក់ប្រហែលគ្នា ប៉ុណ្ណោះទាំងការវាយកណ្តាប់ដៃ ទាត់-ជង្គង់ និងកែងជាដើម ។ ប៉ុន្តែនៅពេល ចូលដល់ក្នុងទឹកទី៣ និងទី៤វិញ អ្នកប្រដាល់ទាំងពីរនេះ បានក្តៅម៉ាស៊ីនរៀងៗ ខ្លួន និងបានធ្វើការវាយសម្រុកគ្នា យ៉ាងខ្លាំងទៅវិញទៅមកដោយ បានដូរទាំងកែង-ទាត់ និងកណ្តាប់ដៃគ្នា ចំផ្ទៃមុខទៅ វិញទៅមក ។
នៅពេលស្នូរជួងបន្លឺទ្បើង នៅក្នុងទឹកទី៥ ដែលជាទឹកផ្តាច់ព្រ័ត្រនោះ ទ្បង់ ភីរម្យ បានខំប្រឹងវាយសម្រុក សារជាថ្មី ទៅលើ ថន វាសនា ប៉ុន្តែនៅក្នុងការវាយសម្រុក នោះមើលទៅហាក់បី ដូចជាគ្មានប្រសិទ្ធភាព សោះព្រោះ ភីរម្យ វាយកណ្តាប់ដៃ ចេញទៅលើ វាសនា មិនសូវជាត្រូវប៉ុន្មានទេ ពោលគឺខុសច្រើនជាង ហើយបែរជា ទទួលស្វាគមន៍ មកវិញដោយកណ្តាប់ ដៃរបស់ វាសនា ចំទៅលើផ្ទៃមុខរបស់ ភីរម្យ ផ្ទួនៗតែម្តង ។ ចប់ការប្រកួតទាំង៥ ទឹកពេញចៅក្រម កាត់សេចក្តីបាន សម្រេចចិត្តឲ្យ ថន វាសនា ឈ្នះពិន្ទុ ទ្បង់ ភីរម្យ តែម្តង ។
រីឯលទ្ធផលគូប្រកួត លក្ខណៈផ្សេងទៀត រួមមានកីទ្បាករ ស៊ីថា សារ៉ាន់ មកពីក្លឹបមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានយក ឈ្នះកីទ្បាករ ផង់ សុភាព មកពីក្លឹបរាជសីហ៍ បង្រ្កាបគ្រឿងញៀន ខេត្តរតនៈគិរីដោយពិន្ទុ ចំណែកកីទ្បាករ អៀង ច័ន្ទល័ក្ខ មកពីក្លឹបទី បញ្ជាការដ្ឋានកងទ័ពជើងគោក បានចាញ់ពិន្ទុកីទ្បាករ សល់ ប៊ុនហូវ មកពីក្លឹបកុសលកីទ្បា ។ កីទ្បាករ ចាន់ ប៊ុនហឿន មកពីក្លឹបនិរោធមានជ័យ បានផ្តួល កីទ្បាករ ស៊ូ ពី មកពីក្លឹបពោធិ៍ជ័យ កីទ្បាឲ្យសន្លប់ នៅក្នុងទឹកទី៤ និង កីទ្បាករ សែន សុធីន មកពីក្លឹបរ៉ាហាប់ស្វាយប៉ាក បានចាញ់ពិន្ទុកីទ្បាករ ធន់ សារិកា មកពីក្លឹបមជ្ឈមណ្ឌលកីទ្បា ខ.ភ.ម៕