ភ្នំពេញៈ គម្រោងបណ្ដុះថ្នាលបាល់ទាត់ Yamaha Challenge ជាអង្គការឯកទេសបណ្ដុះ បាល់ទាត់ថ្នាលជាសកល GFA Soriya កំពុងចាប់ដៃគ្នាបើកការលើកកម្ពស់ និងបណ្ដុះ ជំនាញបាល់ទាត់ កម្រិតថ្នាលដល់ក្រុមក្មេងៗ ទូទាំង ខេត្តបាត់ដំបង ដើម្បីស្វែងរក កីឡាករវ័យក្មេង ដែលមានទេពកោសល្យ ផ្នែកបាល់ទាត់ ។ នៅដើមឆ្នាំ២០១៤ នេះ ក្រុមការងារគម្រោង GFA Soriya បានចុះទៅធ្វើ Football Clinic គឺការផ្សព្វផ្សាយ និងប្រមូលក្មេងៗ រាប់រយនាក់ មកពីសា លាចំនួន១២ ឲ្យក្មេងៗទាំងនេះ ចាប់ផ្ដើមលេងកីឡា និងបំផុសឲ្យចូលចិត្ត បាល់ទាត់ដើម្បី ឲ្យក្លាយជា ធនធានឆ្នើមនៃវិស័យកីឡា មួយនាពេលអនាគត ។ គម្រោង GFA Soriya គ្រោងនឹងបញ្ជូល ការងារខ្លួនទៅកាន់ បណ្ដាសាលាប្រមាណ៣០សាលារៀន នៅទូទាំងខេត្តបាត់ដំបង ដែលជាខេត្តដ៏ធំមួយ សំបូរធនធានឆ្នើមគ្រប់វិស័យ។
លោក សារ៉េត ស៊ីដន ជំនួយការគ្រូបង្វឹកក្លឹបអគ្គស្នងការ នគរបាលជាតិនៃក្រសួងមហាផ្ទៃ និងជាមន្ត្រីសម្របសម្រួល គម្រោងបានមានប្រសាសន៍ថា ក្រុមការងារគម្រោង GFA Soriya នឹងចុះរាល់មួយខែម្ដងទៅជួបក្មេងៗនៅខេត្តបាត់ ដំបងដើម្បីកៀងគរក្មេងៗ ទាំងនេះឲ្យចាប់ផ្ដើមលេងបាល់ទាត់។ គម្រោងបានបញ្ចេញបេសកកម្មទៅកាន់តំបន់ឬ សហគមន៍ដែលមានសកម្មភាពបាល់ទាត់ស្ដួចស្ដើងបំផុត ដើម្បីបង្កើនប្រជាប្រិយភាព បាល់ទាត់ដល់ក្មេងនៅទីនោះ។
លោកបាន បន្តថាការចុះទៅ ធ្វើការនៅទីនោះ បានទទួលការ សម្របសម្រួល ពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត បាត់ដំបង និងបានចុះទៅពិនិត្យ ស្នើឲ្យមន្ទីរណែនាំនូវទីតាំង ឬសាលាណាដែលខ្វះខាតខ្លាំងនូវសកម្មភាពបាល់ទាត់ ។ ភាគច្រើនសាលារៀនក្មេងៗ នៅទីនោះមានទីលាន លេងបាល់ទាត់ តែទុកចោលពុំមានសកម្មភាពសោះ។ ដូចនេះ ការងារស្នូលរបស់ GFA Soriya នោះគឺការប្រមូលផ្ដុំក្មេង បំពាក់ការលេងជាមូលដ្ឋាន និងលើកទឹកចិត្តឲ្យក្មេងលេង បាល់ទាត់ ដោយមានផ្ដល់ជូនពួកគេនូវសម្លៀកបំពាក់ និងបាល់ទាត់ជាដើម ។
គម្រោងបណ្ដុះថ្នាលបាល់ទាត់ Yamaha Challenge បានប្រតិបត្តិការតាំងពី ឆ្នាំ២០១៣ តែមានទ្រង់ទ្រាយតូច តាចនៅឡើយ នឹងពង្រីកវិសាលភាពការងារខ្លួនធំឡើងនៅឆ្នាំនេះ ក្រោយសហការជាមួយ GFA Soriya ដែលជា អង្គការធ្វើការ លើការបណ្ដុះថ្នាល បាល់ទាត់កម្រិតសកល ដែលមានមូលដ្ឋាននៅសិង្ហបុរី និងជប៉ុនជាដើម។ ជាការ រួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ដោយចាប់ផ្ដើមពីក្រុមថ្នាលកីឡាករវ័យក្មេងៗដូចជា U-13 និង U-15 ឡើងទៅ ។
នៅពេលផ្សព្វផ្សាយ និងប្រមូលបានក្មេងនៅតាម សាលាកាន់តែច្រើន GFA Soriya នឹងរៀបចំឲ្យមានការប្រកួត ជាបណ្ដើរៗ ដើម្បីទាញឲ្យក្មេងកាន់តែចូលចិត្តស្និទ្ធនឹងបាល់ទាត់ថែមទៀត ហើយគម្រោងមួយនេះមានទិសដៅ ពង្រីកការងារខ្លួនទៅកាន់ បណ្ដាខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ៕