ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្ម (ផ្ទេរភារកិច្ចឬអំណាច) ការងារគ្រប់គ្រង សកម្មភាពអាជីវកម្ម លោហធាតុត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ ជូនដល់មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ដើម្បីអនុវត្តតាមប្រកាស លេខ០៤៥ពណ.ជរព.ប្រក ចុះថ្ងៃទី៣១ខែមករាឆ្នាំ២០១៤ ស្ដីពីការគ្រប់គ្រង សកម្មភាពអាជីវកម្ម លោកហធាតុត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ ឲ្យមានប្រសិទ្ធភាពខ្ពស់។
សេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម បានប្រគល់ភារកិច្ច ទៅឲ្យមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ត្រូវពិនិត្យលើពាក្យស្នើសុំ លិខិតអនុញ្ញាត ប្រកបអាជីវកម្ម របស់អាជីវករឲ្យ បានត្រឹមត្រូវចំពោះទីតាំង មុខរបរនិងទំហំពាណិជ្ជកម្ម ឲ្យបានច្បាស់លាស់ រួចចេញបង្កាន់ដៃទទួលប្រាក់ ទៅអាជីវករពាណិជ្ជករ ហើយពាណិជ្ជករ ណាដែលលក់ក្លែងបន្លំ ភូតភររំលោភលើសេចក្ដីទំនុកចិត្ត និងឆបោកអតិថិជន មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តនិងអាជ្ញាធរ មានសម្ថកិច្ចមានសិទ្ធិ ដក់ហូតលិខិតអនុញ្ញាត ប្រកបអាជីវកម្មវិញ នឹងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ ច្បាប់ជាធរមាន។
ប្រភពដដែលបន្តថា" ក្រោយពីការទទួលពាក្យ បណ្ដឹងពីអតិថិជនលើ ការលក់គ្រឿងអលង្ការ ក្លែងបន្លំ ភូតភររបស់អាជីវករ ពាណិជ្ជករណាម្នាក់មន្ទីរ ពាណិជ្ជកម្ម ខេត្ត-រាជធានី ត្រូវសហការ ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសម្ថកិច្ច ចុះត្រួតពិនិត្យសិក្សាស្រាវជ្រាវ និងចាត់វិធាន ការទៅតាមផ្លូវច្បាប់ ហើយត្រូវបន្ត ចុះត្រួតពិនិត្យ បទដ្ឋាននៃការធ្វើអាជីវកម្ម របស់អាជីវករ ពាណិជ្ជករជាប្រចាំ ដើម្បីទប់ស្កាត់ការលក់ដូរ មានលក្ខណៈក្លែងបន្លំ"។
ជាមួយគ្នានេះក្រសួង ក៏បានតម្រូវម្ចាស់អាជីវកម្ម ដែលមកសុំការអនុញ្ញាត ប្រកបអាជីវកម្មរបស់ខ្លួន ពីមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តត្រូវមានឯកសារភ្ជាប់ មកជាមួយដូចជាៈ ពាក្យសុំប្រកបអាជីវកម្ម មានគំរូស្រាបចំនួន ១ច្បាប់ អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន ចំនួន១ច្បាប់ វិក្កយបត្រគំរូ នៃអាជីវកម្ម បណ្ណប៉ាតង់ ឆ្នាំចុងក្រោយថតចំលង ចំនួន១ច្បាប់ រូបថតម្ចាស់ អាជីវកម្មនិងកិច្ចសន្យា មានគំរូស្រាប ចំនួន១ច្បាប់។
បន្ទាប់ពីធ្វើប្រតិភូកម្មនេះ ហើយក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត អនុវត្តការងារនេះឲ្យ បានត្រឹមត្រូវនិង មានប្រសិទ្ធភាពខ្ពស់៕