ក្រុងមែនឆេស្ទើៈ ការបាត់បង់តំណែងកំពូលតារាង និងធ្លាក់ជើងស្រឺតៗបែបនេះ បានធ្វើឲ្យក្លឹបជើងខ្លាំង បិសាចក្រហម Manchester United ប្រឈមទៅនឹងការរបូតពាន និងកីឡាករសំខាន់ៗ ជាច្រើនរូបដែល ជ្រេរកទ្រនំថ្មីនៅរដូវដោះ ដូរនាខែកក្កដាខាងមុខ ។ ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា កីឡាករ សំខាន់២ រូបមកហើយមាន Rafael និង Anderson បានចេញ ពី Man Utd បាត់ទៅហើយ ហើយនៅពេល ដ៏ខ្លីខាងមុខនេះកីឡាករខ្សែបម្រើប្រធានក្រុម Nemanja Vidic ក៏អាចនឹង ចេញពីក្លឹបល្បីមួយនេះផងដែរ ដោយទៅកាន់ក្លឹប Inter Milan របស់អ៊ីតាលីក្រោយពីមាន ទំនាក់ទំនងយ៉ាងជិតស្និតនៅ ប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ។
លោក Erick Thohir ប្រធានក្លឹប Inter Milan បានបញ្ជាក់ឲ្យដឹងនៅលើគេហទំព័ររបស់ក្លឹបថា “ខ្ញុំមិនទាន់ ចង់ប្រកាស ឲ្យដឹងជាផ្លូវការនៅពេលនេះទេ រង់ចាំដល់យើងធ្វើការនេះបានសម្រេចសិន ស្ទើរតែ៩០% ហើយ យើងនឹងទទួលបាន កីឡាករខ្សែការពារឆ្នើមជនជាតិស៊ែប៊ី វ័យ ៣២ឆ្នាំរូបនេះ ដើម្បីជាការបំពេញបន្ថែម នៅតំបន់ខ្វះចន្លោះ ជាពិសេសគឺ ប្រព័ន្ធការពារតែម្តង” ។
តែយ៉ាងណាមិញសម្រាប់ Vidic ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ចាកចេញពី Man Utd កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅដំណាច់ឆ្នាំ២០១៤ នេះជាមួយនឹងកិច្ចសន្យា នឹងអស់សុពលភាព ក្រោយពីរួមរស់នៅទឹកដី Old Trafford អស់រយៈ ពេល ៨ឆ្នាំមកនេះកាលពីឆ្នាំ២០០៦ ពីក្លឹប Spartak Moscow របស់រុស្ស៊ីក្រោមកញ្ចប់ ថវិកា ៧លានផោនតែប៉ុណ្ណោះ ដោយគាត់បានបញ្ជាក់ថា “ខ្ញុំបានសម្រេចចិត្តហើយថា នឹងចេញពី Man Utd នៅចុង ឆ្នាំនេ ខណៈដែលខ្ញុំចង់ផ្លាស់ប្តូរ បទពិសោធន៍បន្ថែមទៀត និងលេងឲ្យឈានដល់ចំណុចកំពូល មុនពេលសម្រេច ព្យួរស្បែកជើងពីបាល់ទាត់” ។
សូមបញ្ជាក់ផងដែរថា កៅអីសម្រាប់កីឡាករជើងខ្លាំងនៅ Man Utd នារដូវកាលនេះមាន ការរង្គោះរង្គើជាខ្លាំង ក្នុងនោះ បូកទាំងខ្សែប្រយុទ្ធ Robin van Persie និង Wayne Rooney ផងដែរ បន្ទាប់ពីក្លឹបម្ចាស់ជើងឯក មួយនេះ បានធ្លាក់ ទម្រង់លេងជាខ្លាំង ដោយកំពុងឈរនៅលេខរៀងទី៧បណ្តោះអាសន្ននៅ Premier League មានតែ៤២ពិន្ទុចាញ់ ដាច់ឆ្ងាយពីក្រុមកំពូលតារាងតោខៀវ Chelsea ក្រោយពីការមកដឹកនាំ ពីសំណាក់គ្រូប ង្វឹកថ្មីលោក David Moyes ដែលបានជំនួសតំណែងលោក Sir-Alex Ferguson កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៣ ៕