ភ្នំពេញ៖ តម្រូវការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត របស់ប្រជាពលរដ្ឋនៅកម្ពុជា ទំនងជានឹងកើនឡើង ៣ដង ក្នុងឆ្នាំ២០១៤ បើធៀបឆ្នាំ២០១៣ នេះបើយោងតាមក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធើណេតឈានមុខគេនៅកម្ពុជា។
ប្រធានក្រុមហ៊ុន Ezecom លោក Paul Blanche-Horgan មានប្រសាសន៍ថា កំណើននេះភាគច្រើន គឺត្រូវបានជម្រុញដោយក្រុមអ្នកប្រើប្រាស់វ័យក្មេង តាមរយៈការប្រើឧបករណ៍ចល័ត ដែលជាវិស័យមួយក្នុងការបង្ហាញពី កំណើនដ៏រឹងមាំបំផុតក្នុងឆ្នាំ២០១៣។ លោកបន្តថា ខណៈដែលក្រុមហ៊ុននានានៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការខិតជិតមកដល់ នៃការធ្វើសមាហរណកម្មក្នុងតំបន់ និងការមកដល់នៃសហគមន៍សេដ្ឋកិច្ច អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនោះ អាជីវកម្មកាន់តែច្រើនឡើងៗ នឹងតភ្ជាប់បណ្តាញអ៊ីនធើណិតបន្ថែមទៀត ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ប្រព័ន្ធមួយនេះ មានការកើនឡើងជាលំដាប់ផងដែរ។
ក្រុមហ៊ុន Ezecom កំពុងដំណើរការទៅមុខ ជាមួយនឹងការដាក់ប្រព័ន្ធខ្សែកាបបាតសមុទ្រមួយ ដែលលាតសន្ធឹងចម្ងាយ ១.៤០០គីឡូម៉ែត្រ ដែលនឹងតភ្ជាប់បណ្តាញ លើដីគោកនៅជិតខេត្តព្រះសីហនុ និងរដ្ឋ Kuantan ប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធខ្សែកាបបាតសមុទ្រនេះ ក៏នឹងតភ្ជាប់ជាមួយបណ្ដាញ Asia-America Gateway ដែលជាបណ្តាញខ្សែកាបចម្ងាយ ២០.០០០គីឡូម៉ែត្រ ក្នុងការតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងសហរដ្ឋអាម៉េរិកផងដែរ។
ខ្សែកាបបាតសមុទ្រ នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាច្រកទ្វារនៃតំបន់ឥណ្ឌូចិន។ ប្រព័ន្ធនេះ នឹងជួយឲ្យប្រទេសកម្ពុជា អាចទទួលផលប្រយោជន៍ពី ចរាចរណ៍អ៊ិនធើណេតនៅក្នុងតំបន់ឥណ្ឌូចិន និងពង្រីកការតភ្ជាប់ទៅតំបន់អាស៊ាន និងទៅកាន់ពិភពលោក។ ខ្សែកាបថ្មីនេះ មិនត្រឹមតែតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកនោះទេ ប៉ុន្តែវាក៏នឹងកំណត់នូវអនាគត សេវាសារគមនាគមន៍នៅក្នុងប្រទេសនេះផងដែរ។ ទន្ទឹមនឹងនេះ សេវាសារគមនាគមន៍នៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានល្បឿនលឿនជាងមុន ជាមួយសេវាដែលអាចជឿទុកបាន និងតម្លៃសមរម្យថែមទៀត។ ក្រុមហ៊ុន Ezecom នឹងបញ្ចប់ការស្ថាបនារបស់ខ្លួន ក្នុងការធ្វើប្រសើរឡើង នូវការតភ្ជាប់បណ្តាញជាតិពី ១០ជីហ្គាបាយក្នុងឆ្នាំ២០១៣ រហូតដល់ ៤០០ជីហ្គាបាយនៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ២០១៤។
យោងតាមស្ថិតិចុងក្រោយបង្អស់ របស់ធនាគារពិភពលោកបានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា កើនឡើង ៥%ក្នុងមួយឆ្នាំ ហើយតួលេខថ្មីបំផុតពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្ហាញថា ១៧,៥% នៃប្រជាជនកម្ពុជា ឬប្រជាជន ២,៥លាននាក់កំពុងប្រើប្រាស់អ៊ីនធើណេត។
ក្រុមហ៊ុន Ezecom ក៏មានផែនការរៀបចំផ្តល់តម្លៃសេវាបន្ថែមទៀត ដល់អតិថិជននៅកម្ពុជាផងដែរ ព្រមទាំងសេវាជាកញ្ចប់ ដែលបាននឹងកំពុងធ្វើឲ្យក្រុមហ៊ុននេះ ក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេ តដែលមានបច្ចេកវិទ្យាខ្ពស់ និងឈានមុខគេមួយនៅកម្ពុជា៕